ស្រ្តីលក់ទូរស័ព្ទជេរប្រមាថទាហានជួរមុខត្រូវបានចោទប្រកាន់ពីបទ«ធ្វើឲ្យខូចទឹកចិត្តកងទ័ព» និង «ប្រមាថចំពោះអ្នករាជការសាធារណៈ»

(ភ្នំពេញ)៖ តំណាងអយ្យការបានសម្រេចចោទប្រកាន់ជាផ្លូវការលើស្រ្តីលក់ទូរស័ព្ទដែលបានជេរប្រមាថទាហាន(វីរៈកងទ័ព)ជួរមុខ ពីបទ «ធ្វើឲ្យខូចទឹកចិត្តកងទ័ព» និង «ប្រមាថចំពោះអ្នករាជការសាធារណៈ»។ ការចោទប្រកាន់នេះ យោងតាមមាត្រា៤៧២ និងមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។


អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានបញ្ជាក់ ​នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ថា​ «ករណីនេះត្រូវបានតំណាងអយ្យការសម្រេច ចោទប្រកាន់ជនសង្ស័យខាងលើតាមនីតិវិធីបើកការស៊ើបសួរពីបទ៖ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថចំពោះអ្នករាជការសាធារណៈ តាមមាត្រា៤៧២ និងមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ»។

តាមការចោទប្រកាន់តាមមាត្រាខាងលើ ស្រ្តីរូបនេះអាចប្រឈមជាប់ពន្ធនាគារចាប់ពី ២ ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ៤ លាន ទៅ ១០លានរៀល។
សូមរំលឹកផងដែរថា នៅវេលាម៉ោងប្រមាណជិត ៨ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងនគរបាលរាជធានីភ្នំពេញ បាននាំខ្លួនស្ត្រីជាម្ចាស់ហាងទូរស័ព្ទឈ្មោះ ចិន្តា សុវណ្ណារី ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបំភ្លឺជុំវិញករណីដែលត្រូវបានចោទប្រកាន់ថា បានជេរប្រមាថទៅលើកងទ័ពជួរមុខ។

ការនាំខ្លួនស្ត្រីរូបនេះ ធ្វើឡើងបន្ទាប់ពី ស្ត្រីជាម្ចាស់ហាងទូរស័ព្ទខាងលើ បានប្រើប្រាស់ពាក្យសម្តី អសុរោះ មិនសមរម្យ និងជេរប្រមាថយ៉ាងខ្លាំងៗដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិរឿងទិញទូរស័ព្ទមួយគ្រឿង។
រឿងរ៉ាវនេះបានបង្កឱ្យមានការភ្ញាក់ផ្អើល និងប្រតិកម្ម និង រិះគន់ពីសំណាក់មហាជនពេញបណ្តាញសង្គម បានលើកឡើងថា ការជេប្រមាថដល់កងទ័ពជួរមុខ គឺជាទង្វើដែលមិនអាចទទួលយកបាន៕

Leave a Reply

Your email address will not be published. Required fields are marked *