«សហគមន៍រឹងមាំ ទេសចរណ៍រីកចម្រើន ធនធានគង់វង្ស»៖ បំប្លែងសក្តានុពលធនធានធម្មជាតិមូលដ្ឋាន ទៅជាផលិតផលទេសចរណ៍ ដើម្បីពង្រឹងសហគមន៍ទេសចរណ៍នៅខេត្តស្ទឹងត្រែង ឱ្យក្លាយជាកម្លាំងចលករនៃទេសចរណ៍ប្រកបដោយចីរភាព

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍ទាំង៨នៃខេត្តស្ទឹងត្រែង រួមមាន៖ ១). សហគមន៍អេកូទេសចរណ៍អន្លងផ្សោតត្បូងខ្លា, ២). សហគមន៍អេកូទេសចរណ៍ជួរវែង, ៣). សហគមន៍អេកូទេសចរណ៍កោះព្រះ, ៤). សហគមន៍អេកូទេសចរណ៍អូរឬស្សីកណ្តាល, ៥). សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ, ៦). សហគមន៍អេកូទេសចរណ៍ព្រះរំកិល, ៧). សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន និង៨). សហគមន៍ជនជាតិដើមភាគតិច ដើម្បីស្តាប់ដោយផ្ទាល់នូវវឌ្ឍនភាព សក្តានុពល បញ្ហាប្រឈម និងសំណូមពររបស់សហគមន៍ ព្រមទាំងពិភាក្សាអំពីទិសដៅក្នុងការពង្រឹងគុណភាពសេវាកម្ម បង្កើតផលិតផលទេសចរណ៍ថ្មីៗ និងជំរុញការផ្សព្វផ្សាយសហគមន៍ទេសចរណ៍ខេត្តស្ទឹងត្រែងឱ្យកាន់តែទូលំទូលាយ។


ពិធីសំណេះសំណាលនេះ បានផ្តល់ឱកាសដល់តំណាងសហគមន៍លើកឡើងដោយផ្ទាល់អំពីស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាន និងចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងសហគមន៍ ការផ្តល់សេវាទេសចរណ៍ ការអភិរក្សធនធានធម្មជាតិ ក៏ដូចជាបញ្ហាប្រឈមដែលត្រូវការការគាំទ្រពីក្រសួងទេសចរណ៍ អាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។
ខេត្តស្ទឹងត្រែង មានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ដោយសម្បូរទៅដោយទន្លេ កោះ ព្រៃលិចទឹក ឆ្នេរខ្សាច់ ព្រៃសហគមន៍ ទឹកធ្លាក់ តំបន់ជម្រកសត្វព្រៃ និងសត្វផ្សោតទន្លេមេគង្គ។ សហគមន៍នានាបាននិងកំពុងរៀបចំសកម្មភាពទេសចរណ៍ចម្រុះ ដូចជា ការជិះទូកកម្សាន្តតាមដងទន្លេ ទស្សនាសត្វផ្សោត ជិះកង់ ដើរព្រៃ បោះតង់ ស្ទូចត្រី ទស្សនាសត្វស្លាប មើលថ្ងៃលិច និងស្វែងយល់ពីរបៀបរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ថ្លែងទៅកាន់សហគមន៍ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សហគមន៍ក្នុងការថែរក្សា និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ ជីវចម្រុះ និងប្រភពទឹក ព្រមទាំងការប្រើប្រាស់ធនធានទាំងនេះប្រកបដោយការទទួលខុសត្រូវ ដើម្បីបង្កើតមុខរបរ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈវិស័យទេសចរណ៍។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យសហគមន៍បន្តពង្រឹងសាមគ្គីភាព និងភាពជាម្ចាស់ក្នុងការគ្រប់គ្រងតំបន់ទេសចរណ៍របស់ខ្លួន ដោយយកចិត្តទុកដាក់លើអនាម័យ បរិស្ថាន សុវត្ថិភាព គុណភាពសេវាកម្ម បដិសណ្ឋារកិច្ច និងការបង្កើតបទពិសោធន៍ថ្មីៗសម្រាប់ភ្ញៀវទេសចរ ព្រមទាំងរក្សាឱ្យបាននូវអត្តសញ្ញាណ និងភាពដើមនៃធម្មជាតិ និងសហគមន៍មូលដ្ឋាន។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «សហគមន៍មិនត្រឹមតែជាអ្នកផ្តល់សេវាទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាម្ចាស់ធនធាន ជាអ្នកអភិរក្ស និងជាតួអង្គដ៏សំខាន់ក្នុងការបង្កើតបទពិសោធន៍ទេសចរណ៍ពិតប្រាកដ។ ការអភិវឌ្ឍទេសចរណ៍សហគមន៍ ត្រូវធានាឱ្យផលប្រយោជន៍ពីវិស័យទេសចរណ៍ទៅដល់ប្រជាពលរដ្ឋមូលដ្ឋានដោយផ្ទាល់ និងរួមចំណែកថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ»។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យមានការពង្រឹងភាពជាដៃគូរវាង រដ្ឋ ឯកជន សហគមន៍ ដើម្បីរួមគ្នាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលទេសចរណ៍ ពង្រឹងស្តង់ដាសេវាកម្ម បណ្តុះបណ្តាលធនធានមនុស្ស ជំរុញការផ្សព្វផ្សាយឌីជីថល និងតភ្ជាប់សហគមន៍ទេសចរណ៍ទៅនឹងទីផ្សារទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។

សូមជម្រាបជូនថា ពិធីសំណេះសំណាលនេះ ក៏ជាផ្នែកមួយនៃការជំរុញការអភិវឌ្ឍទេសចរណ៍ក្នុងរដូវកាលបៃតង ដោយបង្ហាញថា ខេត្តស្ទឹងត្រែងមិនត្រឹមតែជាគោលដៅសម្បូរទៅដោយធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសហគមន៍មូលដ្ឋានដែលជាកម្លាំងដ៏សំខាន់ក្នុងការអភិរក្សធនធាន បង្កើតផលិតផលទេសចរណ៍ និងចែករំលែកផលប្រយោជន៍ពីវិស័យទេសចរណ៍ទៅដល់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន និងចីរភាព។
ខេត្តស្ទឹងត្រែង ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦

ប្រភព៖ក្រសួងទេសចរណ៍

Leave a Reply

Your email address will not be published. Required fields are marked *