វគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» រយៈពេលបីថ្ងៃ ដែលរៀបចំដោយក្រសួងព័ត៌មាន បានបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

នារសៀលថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍ ទីស្តីការក្រសួងព័ត៌មាន វគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ បានបិទបញ្ចប់ប្រកបដោយជោគជ័យ។
ថ្លែងក្នុងពិធីបិទវគ្គ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងអំពីបញ្ហាប្រឈមសំខាន់ៗចំនួន៥ ក្នុងវិស័យសារព័ត៌មាននាយុគសម័យឌីជីថល រួមមាន៖
១. ការផ្សព្វផ្សាយព័ត៌មានមានល្បឿនលឿនជាងការផ្ទៀងផ្ទាត់។២. ការប្រកួតប្រជែងទាក់ទាញអ្នកមើល ជាងការកសាងអ្នកតាមដាន។
៣. ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីក្លែងបន្លំមុខមាត់ សំឡេង និងបង្កើតព័ត៌មានក្លែងក្លាយ។
៤. ការលាយឡំរវាងព័ត៌មានពិត និងខ្លឹមសារផ្សព្វផ្សាយពាណិជ្ជកម្ម។
៥. ការខ្វះការត្រួតពិនិត្យមុនផ្សាយ នៅពេលបុគ្គលម្នាក់បំពេញតួនាទីច្រើន ជាអ្នកថតផង អ្នកអត្ថាធិប្បាយផង នាយកនិពន្ធផង អ្នកកាត់ត និងអ្នកសម្រេចលើខ្លឹមសារផ្សាយផងដែរ។ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា បញ្ហាសំខាន់ស្ថិតនៅលើរបៀបប្រើប្រាស់បច្ចេកវិទ្យា ហើយមនុស្សជាអ្នកទទួលខុសត្រូវចំពោះការប្រើប្រាស់ AI និងខ្លឹមសារដែលខ្លួនផ្សព្វផ្សាយ។ ក្រមសីលធម៌ជាមូលដ្ឋាននៃទំនុកចិត្តលើវិជ្ជាជីវៈសារព័ត៌មាន ដែលត្រូវប្រកាន់ខ្ជាប់ពេញមួយដំណើរការការងារ ចាប់ពីការទទួលព័ត៌មាន ការផ្ទៀងផ្ទាត់ រហូតដល់ការផ្សព្វផ្សាយចប់សព្វគ្រប់។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ បានរួមចំណែកពង្រឹងសមត្ថភាពវិជ្ជាជីវៈ លើកកម្ពស់ការអនុវត្តច្បាប់ និងការប្រកាន់ខ្ជាប់ក្រមសីលធម៌ ដើម្បីធានាការផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព ភាពជឿជាក់ និងការទទួលខុសត្រូវចំពោះសង្គម។

ការរៀបចំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិក្រឹតការសារព័ត៌មាន ពិតជាមានសារៈសំខាន់ណាស់សម្រាប់ពង្រឹងគុណវុឌ្ឍិដល់អ្នកសារព័ត៌មាន ក្នុងន័យពង្រឹង គុណភាពដល់ប្រពន្ធ័ផ្សព្វផ្សាយ ដែលធានាសុក្រឹត្យភាព ទៅដល់សារធារណៈជន។
ក្រោយថ្លែងបញ្ចប់វគ្គ ឯកឧត្តមរដ្ឋមន្ត្រីក៏ផ្ដល់ជាកិត្តិយសប្រគល់នូវវិញ្ញាបនបត្រ ដល់សិក្ខាកាមដែលបានចូលរួមសិក្សាផងដែរ។

